តន្ត្រី "បង្សុកូល" កម្ពុជា​ ត្រៀមសម្ដែងនៅទីក្រុងធំៗ២ នាសហរដ្ឋអាមេរិក នាសប្ដាហ៍ក្រោយ បន្ទាប់ពីជោគជ័យនៅប្រទេសអូស្ត្រាលី
ប្រភេទៈកំសាន្ដ  ផ្សាយចេញ: 

តន្ត្រី "បង្សុកូល” ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ន្ត្រីករបុរាណ​កម្ពុជា​ដ៏​ល្បី នឹង​ត្រូវ​យក​ទៅ​សម្ដែង​នៅ​ទីក្រុងធំៗ២ នាសហរដ្ឋអាមេរិក នាសប្ដាហ៍ក្រោយ បន្ទាប់ពីទទួលជោគជ័យ ពីការសម្ដែងនៅប្រទេសអូស្ត្រាលីកាលពីខែមុន។

តាមគម្រោងការសម្ដែងដំបូង គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥, ១៦ ខែ ធ្នូ ឆ្នាំ២០១៧ នាទីក្រុងញូវយ៉ក មុននឹងបន្តសម្ដែងនៅទីក្រុងបូស្តុន នៅថ្ងៃទី១៩, ២០ ខែដដែល ឆ្នាំ២០១៧ ខណៈការចេញទៅសម្ដែងនៅសហរដ្ឋអាមេរិកនេះ គឺជាការចេញទៅសម្ដែងនៅលើឆាកអន្តរជាតិ លើកទី២ហើយ បន្ទាប់ពីលើកទី១ បានសម្ដែងជោគជ័យ នៅទីក្រុងម៉េលប៊ឺន ប្រទេសអូស្ត្រាលី កាលពីពាក់កណ្ដាលខែតុលាកន្លងទៅថ្មីៗនេះ។


សូមបញ្ជាក់ថា តន្រ្តី “បង្សុកូល” បង្កើតឡើងដើម្បីជាការរំឭកដល់កម្ពុជា គឺជាស្នាដៃថ្មីមួយ ដោយរួមបញ្ចូលគ្នានូវបទភ្លេងថ្មី ការបញ្ចាំងកុនឯកសារ ចលនាសម្ដែង និងចម្រៀង។ ស្នាដៃនិពន្ធបទភ្លេងរបស់សាស្រ្តាចារ្យបណ្ឌិត ហ៊ឹម សុភី ដោយមានការរួមបញ្ចូលគ្នាពីវង់ភ្លេងប្រពៃណីខ្មែរ និងបស្ចឹមប្រទេស ដែលលោកបណ្ឌិត រិទ្ធី ប៉ាន់​ នឹងបង្ហាញពីសោកនាដកម្មរបស់កម្ពុជាតាមរយៈភាពយន្តឯកសារ។

រឹតតែពិសេសតន្ត្រី "បង្សុកូល" នេះត្រូវ​ចំណាយ​ពេល​ស្រាវ​ជ្រាវ​ និង​គិត​រហូត​ដល់​ទៅ​ជិត១០​ឆ្នាំ នេះបើយោងតាមប្រសាសន៍ សាស្ត្រាចារ្យ​បណ្ឌិត ហ៊ឹម សុភី ដែលជាអ្នក​និពន្ធ​បទ​ភ្លេង និង​ជា​អ្នក​ផ្ដួច​ផ្ដើម​ឱ្យ​មាន​ស្នាដៃ​នេះ។

សម្រាប់ក្រុមការងារ បង្សុកូល គឺមានតន្ត្រីករមកពីកម្ពុជា ចំនួន៩នាក់ បូករួមជាមួយតន្ត្រីករបច្ចឹមប្រទេសដែលសហការសម្ដែងជាមួយ ដូចជាអូស្ត្រាលី ចំនួន១៩នាក់, ចិនតៃវ៉ាន ចំនួន១២នាក់៕

ទស្សនាវីដេអូសង្ខេបខាងក្រោម៖


រូបភាព និងវីដេអូ៖ FB Bangsokol: A Requiem For Cambodia